អំពី​ការចុះ​បញ្ជិកា​

យោងតាមមាត្រា១នៃព្រះរាជក្រឹត្យលេខសន/រកត/០២០០/០៣៩ “គ្រូពេទ្យទាំងអស់ដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅប្រទេសកម្ពុជាត្រូវតែសុំចុះបញ្ជិកាជាមួយគណៈគ្រូពេទ្យ”។ ដូច្នេះ ការចុះបញ្ជិកានេះ គឺជាកាតព្វកិច្ចរបស់គ្រូពេទ្យទាំងអស់ទាំងគ្រូពេទ្យខ្មែរនិងគ្រូពេទ្យបរទេសដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។

គ្រូពេទ្យដែលមិនបានចុះបញ្ជិកានឹងគ្មានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាពោលគឺការប្រកបវិជ្ជាជីវៈរបស់លោក-លោកស្រីត្រូវបានចាត់ទុកថាជាការប្រកបវិជ្ជាជីវៈខុសច្បាប់។ការប្រកបវិជ្ជាជីវៈមិនស្របច្បាប់នេះត្រូវបានហាមឃាត់ (លោក-លោកស្រីនឹងរងនូវផលវិបាកជាមិនខាន)។

  • បេសកកម្មរបស់គណៈគ្រូពេទ្យគឺការពារសុវត្ថិភាពរបស់អ្នកជំងឺនិងគាំទ្រគ្រូពេទ្យ។នៅពេលដែល លោក-លោកស្រីបានចុះបញ្ជិកាជាមួយគណៈគ្រូពេទ្យលោក-លោកស្រីនឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាទៅតាមប្រភេទនៃបញ្ជិកាដែលលោក-លោកស្រីបានទទួល។លោក-លោកស្រីក៏នឹងត្រូវបានការពារពីអំពើរំលោភបំពានផ្សេងៗ។ក្នុងករណីនៃវិវាទដែលត្រូវដោះស្រាយនៅតុលាការគណៈគ្រូពេទ្យមានកាតព្វកិច្ចចូលរួមផ្តល់យោបល់ចំពោះមុខតុលាការ(មាត្រា៦នៃព្រះរាជក្រឹត្យ)។គណៈគ្រូពេទ្យក៏មានកាតព្វកិច្ចធ្វើរបាយការណ៍លើអធិករណ៍ដែលបានកើតឡើង(មាត្រា១៨នៃព្រះរាជក្រឹត្យ) ដើម្បីបញ្ជាក់ពីការពិតជាក់ស្តែង នៃការប្រព្រឹត្តិរបស់គ្រូពេទ្យនោះ។ចំពោះការប្រតិបត្តិដែលបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈនឹងត្រូវបានទទួលវិន័យទៅតាមលក្ខណៈនៃកំហុសដែលបានប្រព្រឹត្ត(មាត្រា២៦នៃព្រះរាជក្រឹត្យ)។

រយៈពេលសុពលភាពនៃការចុះបញ្ជិកាប្រែប្រួលទៅតាមប្រភេទនិមួយៗ(ប្រភេទក ខ គ ឃ និង ង) និងប្រាក់ភាគទានដែលបានបង់។ សម្រាប់ព័ត៌មានបន្ថែម សូមអាន សេចក្តីសម្រេចក្នុងការកំណត់ប្រភេទនៃការចុះបញ្ជិកាដែលមាននៅ www.mcc.org.kh ។  គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទកខ ឬ ង អាចមានសិទ្ធិសុំចុះបញ្ជិកាសម្រាប់រយៈពេល៣ឆ្នាំ អាស្រ័យលើប្រាក់ភាគទានដែលបានបង់ក្នុងពេលសុំចុះបញ្ជិកា(បង់ប្រាក់ភាគទានសម្រាប់មួយឆ្នាំ មានសុពលភាពត្រឹមមួយឆ្នាំ)។ចំពោះគ្រូពេទ្យដែលបានចុះបញ្ជីនិងបង់ប្រាក់ភាគទានដំបូងប្រចាំឆ្នាំ២០១២នៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២នឹងបានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជិកាដែលមានសុពលភាពរហូតដល់ថ្ងៃ  ទី៣១ខែ ធ្នូ ឆ្នាំ២០១៣។

គ្រូពេទ្យម្នាក់ៗត្រូវចុះបញ្ជិកាឡើងវិញទៅតាមសេចក្តីណែនាំសម្រាប់ប្រភេទនៃការចុះបញ្ជិការបស់ខ្លួន។ការមិនបានចុះបញ្ជិកា គ្រូពេទ្យមិនអាចប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្របានទេ។វាជាការទទួលខុសត្រូវរបស់គ្រូពេទ្យគ្រប់រូបក្នុងការធានាថា ការចុះបញ្ជិការបស់ខ្លួនត្រូវបានរក្សាឲ្យនៅមានសុពលភាពជានិច្ច។