គ្នាយើងដឹងអត់ថា គេងមិនគ្រប់នៅពេលយប់ អាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន រួមទាំងបញ្ហាអត់មានកូន? ពិតណាស់ ទម្លាប់គេងមិនលក់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពគ្មានកូន ហើយស្ត្រីដែលគេងមិនគ្រប់គ្រាន់ មានអត្រាមានកូនកាន់តែទាប នេះបើយោងតាមAmerican Society for Reproductive Medicine។
ការគេងអាចបង្កើនឱកាសនៃការមានកូនដោយរបៀបណា?
ជាក់ស្ដែង មានគ្នាយើងជាច្រើនដែលជួបប្រទះបញ្ហាគេងមិនលក់នៅពេលយប់ ដោយសារតែមូលហេតុជាច្រើន ដូចជាស្រ្តេស និងថប់បារម្ភជាដើម។ នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ វាអាចបង្កផលប៉ះពាល់ជាច្រើនទៀត ដែលពិបាកក្នុងការគ្រប់គ្រង តួយ៉ាងដូចជាអ័រម៉ូន និងរំខានដល់វដ្ដរដូវ។ ហេតុនេះហើយ គ្នាយើងគួរគេងយ៉ាងហោចណាស់ឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ដើម្បីជំរុញកម្រិតអ័រម៉ូនProgesterone, Oestrogen, Leptin និងFSH ដែលសុទ្ធសឹងជាអ័រម៉ូនដែលមានប្រយោជន៍ដល់ការមានផ្ទៃពោះ។
មួយវិញទៀត យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ពន្លឺពណ៌ខៀវចេញពីគ្រឿងអេឡិចត្រូនិក អាចរំខានដល់គុណភាពដំណេក និងប៉ះពាល់ដល់ការមានកូន ពីព្រោះវារារាំងអ័រម៉ូនMelatonin ដែលជាអ័រម៉ូនជួយឲ្យគេងលក់ស្កប់ស្កល់ និងការពារស៊ុត។ ប្រសិនបើគ្មានការផលិតអ័រម៉ូនប្រភេទនេះគ្រប់គ្រាន់ទេនោះ គុណភាពស៊ុតរបស់ស្រីៗយើងក៏អន់ថយទៅតាមនោះដែរ។

គន្លឹះជួយឲ្យគេងលក់ស្រួល ពិសេសសម្រាប់អ្នកចង់បានកូន
- គេងឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់
- ដាក់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកដទៃទៀតនៅឲ្យឆ្ងាយពីខ្លួន យ៉ាងហោចណាស់រយៈពេល ១ ម៉ោង មុនពេលគេង
- ប្រសិនបើយើងធ្វើការវេនយប់ គួរតែស្នើសុំផ្លាស់ប្ដូរវេន ឬផ្លាស់ប្ដូរពន្លឺភ្លើង
ទម្លាប់ល្អ ជួយបង្កើនគុណភាពនៃជីវិត
ការគេងពិតជាមានគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលព្យាយាមយកកូន។ លើសពីនេះ ស្រីៗយើង និងដៃគូគួរលើកកម្ពស់ការរស់នៅប្រចាំថ្ងៃ ដោយជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ឈប់ជក់បារី ញ៉ាំអាហារសុខភាព និងហាត់ប្រាណជាទៀងទាត់ ដើម្បីបង្កើនឱកាសក្នុងការមានផ្ទៃពោះ និងដូចជាទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ។
ចំណុចសំខាន់
នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ វាអាចបង្កផលប៉ះពាល់ជាច្រើនទៀត ដែលពិបាកក្នុងការគ្រប់គ្រង តួយ៉ាងដូចជាអ័រម៉ូន និងរំខានដល់វដ្ដរដូវ។ ហេតុនេះហើយ គ្នាយើងគួរគេងយ៉ាងហោចណាស់ឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ដើម្បីជំរុញកម្រិតអ័រម៉ូនProgesterone, Oestrogen, Leptin និងFSH ដែលសុទ្ធសឹងជាអ័រម៉ូនដែលមានប្រយោជន៍ដល់ការមានផ្ទៃពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet