
ជាធម្មតា ក្នុងខ្លួនយើងមានអង់ទីករការពាររលាកថ្លើម B លុះត្រាតែយើងចាក់វ៉ាក់សាំងបានគ្រប់ចំនួន ហើយមានដុះអង់ទីករ។ បើអង់ទីករដុះមិនពេញលេញ ឬមិនគ្រប់ទេ យើងត្រូវចាក់បន្ថែម។ ចុះហេតុអ្វីបានជាអ្នកខ្លះមានអង់ទីករការពាររលាកថ្លើម B ដោយមិនបានចាក់វ៉ាក់សាំងទៅវិញ?
ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានបកស្រាយថា ដោយសារយើងធ្លាប់ឆ្លងមេរោគរលាកថ្លើម B ។ ជាទូទៅ មេរោគរលាកថ្លើម B អាចឆ្លងតាមរយៈការរួមភេទ ការប៉ះនឹងឈាម ឬទឹករងៃដែលមានផ្ទុកមេរោគ។ នៅពេលយើងឆ្លងមេរោគរលាកថ្លើម B ហើយជាទៅវិញដោយខ្លួនឯង នោះក្នុងខ្លួនយើងក៏ដុះអង់ទីករ មិនមែនមានអង់ទីករមកពីកំណើតទេ។
បើយើងកើតមកមានអង់ទីករការពាររលាកថ្លើម B ពីកំណើត លុះត្រាតែម្តាយយើងមានផ្ទុកមេរោគរលាកថ្លើម B។ ពេលយើងនៅក្នុងផ្ទៃ យើងឆ្លងមេរោគរលាកថ្លើម B ពីម្តាយ ហើយដល់ពេលជាសះស្បើយ យើងក៏ដុះអង់ទីករតែម្តង។
លោកបន្ថែមថា៖ «អ្នកដែលឆ្លងមេរោគរលាកថ្លើម B រួចដុះអង់ទីករគឺសំណាងណាស់ ព្រោះអ្នកដែលឆ្លងមេរោគរលាកថ្លើម B ប្រហែល ៩០% អាចជាដោយខ្លួនឯង ហើយនៅពេលជាសះស្បើយនឹងដុះអង់ទីករ ប៉ុន្តែមានប្រហែលជា ១០% ដែលឆ្លងមេរោគរលាកថ្លើម B ហើយវិវឌ្ឍទៅជាជំងឺរលាកថ្លើម B រ៉ាំរ៉ៃដែលព្យាបាលអត់ជាទេ គឺត្រូវតាមដានពិនិត្យ និងលេបថ្នាំមួយជីវិតដូចជំងឺអេដស៍អ៊ីចឹង»។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា ដើម្បីការពារជំងឺរលាកថ្លើម B បាន ១០០% យើងគួរចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម B ហើយមុននឹងចាក់ យើងត្រូវពិនិត្យឈាមមើលសិនថា យើងមានអង់ទីករការពាររលាកថ្លើម B នៅ? ឬមានផ្ទុកមេរោគរលាកថ្លើម B អត់? បើអត់មានឆ្លងមេរោគ ឬអត់មានអង់ទីករទេ យើងអាចចាក់វ៉ាក់សាំងបាន។
ជាទូទៅ អង់ទីករការពាររលាកថ្លើម B អាចនៅក្នុងខ្លួនយើងបានតែ ៥ ឆ្នាំទេ មិនថាយើងបានមកដោយសារការចាក់វ៉ាក់សាំង ឬឆ្លងមេរោគរលាកថ្លើម B ទេ ហើយ ៥ ឆ្នាំក្រោយនឹងបាត់ទៅវិញ ឬថយចុះ ដូច្នេះយើងត្រូវធ្វើតេស្តឈាមមើល បើអង់ទីករថយចុះ យើងត្រូវចាក់រំលឹកឡើងវិញ។

ចំណុចសំខាន់
- អ្នកដែលមានអង់ទីករការពារមេរោគរលាកថ្លើម B ដោយមិនបានចាក់វ៉ាក់សាំងមកពីធ្លាប់ឆ្លងមេរោគរលាកថ្លើម B ហើយពេលជាសះស្បើយក៏ដុះអង់ទីករតែម្តង។
- មិនថាយើងមានអង់ទីករការពារមេរោគរលាកថ្លើម B ដោយសារការចាក់វ៉ាក់សាំង ឬឆ្លងមេរោគរលាកថ្លើម B ទេ យើងត្រូវចាក់វ៉ាក់សាំងរំលឹក ព្រោះអង់ទីករអាចនឹងបាត់ ឬថយចុះក្នុងរយៈពេល ៥ ឆ្នាំក្រោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet